ថ្ងៃពុធ ២រោច ខែកត្តិត ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុវត្តន៍តាមអានុសាសន៏ របស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងក្រុមការងារបានអញ្ជើញទៅប្រជុំពិភាក្សា នឹងសម្របសម្រួលដោះស្រាយសំណូមពរ របស់ក្រុមហ៊ុនវិនិយោគដាំដំណាំអំពៅស្ករឆ្នាំ២០១៩ នៅខេត្តស្វាយរៀង ជាមួយតំណាងរោងចក្រស្ករស TTC ខេត្តតៃនិញ (វៀតណាម) នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរោងចក្រផ្ទាល់។ យោងតាមស្មារតីកិច្ចប្រជុំនៅមន្ទីរកសិកម្មខេត្តនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា៖
១. ទឹកភ្លៀងជន់លិចដំាណាំអំពៅ និងដំឡូងមីដោយសារគ្មានប្រឡាយទឹក នឹងការលើកផ្លូវតាមព្រំដែន នៅស្រុកស្វាយទាប។ ម្យ៉ាងទៀតភាគីវៀតណាមមិនអនុញ្ញាតអោយទឹកភ្លៀងហូរទៅខាងវៀតណាមដោយខ្លាចមានផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំពុលកសិកម្មរបស់ក្រុមហ៊ុនដាំអំពៅ។
២. ខ្វះខាតកម្មករពេលដាំដុះ និងពេលប្រមូលផលអំពៅស្ករ ដូច្នេះក្រុមហ៊ុនស្នើសុំនាំចូលគ្រឿងចក្រសម្រាប់ ប្រើប្រាស់ជំនួសការប្រើប្រាស់កម្មករច្រើន។
៣. ផ្ទៃដីដាំដុះដំណាំអំពៅថយចុះព្រោះកសិករលែងជួលដីអោយ ដោយសារកសិករមួយចំនួនយកដីគាត់ទៅដាំដំណាំផ្សេងៗ ដែលបានចំណេញច្រើនជាងជួលដីឱ្យក្រុមហ៊ុន។
៤. ក្រុមហ៊ុនស្នើសុំនាំជីសម្រាប់ដំណាំអំពៅចូលមកប្រើប្រាស់នៅក្នុងក្រុមហ៊ុន។
៥. ក្រុមហ៊ុនស្នើសុំអនុញ្ញាតអោយរថយន្តវែងៗរបស់វៀតណាមចូលមកដឹកកសិផលនៅខាងខ្មែរដោយកុំឃាត់លើករណីរថយន្តមានទ្រុងវែង។
៦. ស្នើអាជ្ញាធរជួយទប់ស្កាត់ការលែងគោ ក្របីចូលស៊ីអំពៅ ការលួចកាប់អំពៅ ការលួចដុតដំណាំអំពៅ។
៧. ស្នើខេត្តជួយអន្តរាគមន៍ដោះស្រាយកុំអោយរោងចក្រស្ករសកាត់លុយ៥$/តោនថ្លៃសេវាបច្ចេកទេសព្រោះក្រុមហ៊ុនដាំអំពៅពុំមានអ្នកបច្ចេកទេសពីរោងចក្រមកមើលដំណាំទេ។
៨. ក្រុមហ៊ុនដាំអំពៅមានការខាតបង់ច្រើនដោយសារតម្លៃស្ករសធ្លាក់ចុះ ហើយខាងរោងចក្រស្ករសមិនគោរពកិច្ចសន្យាទិញលក់អំពៅចំពោះតម្លៃដែលបានព្រមព្រៀងគ្នា។
៩. ក្រុមហ៊ុន ស្វាយរៀងសូហ្គើខេន ស្នើអោយខេត្តជួយរកដីវិនិយោគពីរដ្ឋចាប់ពី៥០០ហិកតាឡើងទៅ។
១០. ស្នើខេត្ត និងក្រសួងជួយទាក់ទាញអ្នកវិនិយោគដាក់រោងចក្រផលិតស្ករសនៅខេត្តស្វាយរៀង។