ថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងមន្ត្រីបច្ចេកទេសបានចុះពិនិត្យសកម្មភាពរបស់ក្រុមកសិករអនុវត្តន៍ស្រូវស្រាលដើមរដូវ ដោយប្រើប្រាស់ទឹកព្រែកតានូ (ព្រំដែនកម្ពុជា វៀតណាម) នៅតំបន់តានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ដែលបច្ចុប្បន្ននេះបានព្រោះស្រូវដោយប្រើប្រាស់ពូជស្រូវប្រភេទ IR 4625 លើផ្ទៃដីសរុប ៣០៧ហិតា។ នៅទូទាំងខេត្តការបង្កបង្កើនផលស្រូវស្រាលដើមរដូវលើផ្ទៃដីសរុប ៧ ៣៥០ ហិតា។
កម្មវិធីទី២៖ ក្រុមការងារបានបន្តទៅពិនិត្យសកម្មភាពដាំដំណាំពោត វគ្គ២របស់កសិករ សៅ សាបុល ដោយប្រើប្រាស់ទឹកអណ្តូងស្រោចស្រព នៅភូមិទួលខ្ពស់ ឃុំចំបក់ លើផ្ទៃដីចំនួន ៦ ២០០ ម៉ែត្រការ៉េ។ ក្នុងវគ្គមួយកន្លងមក គាត់ទទួលបានប្រាក់ចំណូលសរុបជាង ៧ ០០០ ០០០ រៀល កត់សម្គាល់គឺ បន្ទាប់ពីប្រមូលផលពោតវគ្គ២នេះ នៅក្នុងខែសីហា គាត់នឹងបន្តធ្វើស្រូវស្រាល IR ម្តងទៀតលើផ្ទៃដីដ៍ដែល ក្រុមការងារបានផ្តល់ការណែនាំអំពីការគ្រប់គ្រងថែរទាំដំណាំ មានដូចជាការគ្រប់គ្រងទឹក ការកម្ចាត់សត្វល្អិតចង្រៃ ព្រមទាំងជំរុញការដាំអោយបានគ្រប់គ្រួសារក្នុងក្រុម នឹងផ្តល់ពូជពោតស្រាលដល់ ០៦គ្រួសារ ដើម្បីធ្វើការដាំដុះបង្ហាញបច្ចេកទេសអនុវត្តកសិកម្មល្អផងដែរ។
កម្មវិធីទី៣៖ លោក ហ៊ួ សុខម៉េង អនុប្រធានការិយាលយ័ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោកប្រធានការិយាល័យកសិកម្ម ធនធាន ធម្មជាតិ និងបរិស្ថានស្រុកស្វាយទាប បានចុះពិនិត្យ និងផ្តល់ការណែនាំបច្ចេកទេសបន្ថែមដល់ក្រុមបណ្តុំ ក្នុងការដាំបន្លែសុវត្ថិភាព នឹងជំរុញសមាជិកក្រុមធ្វើការដាំគ្រប់គ្រួសារនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
ក្រុមការងារបានបន្តទៅពិនិត្យសកម្មភាពដាំអំពៅរបស់កសិករ សំ ពិសី នៅភូមិ ឃុំដដែលលើផ្ទៃដីជាង ៤ ០០០ ម៉ែត្រការ៉េ នឹងទទួលប្រាក់ចំណូលបានសរុបជាង ២ ០០០ ដុល្លារក្នុងមួយឆ្នាំ នឹងបានផ្តល់ការណែនាំ ក្នុងការពង្រីកផ្ទៃដីអោយបានច្រើន នឹងវិធីសាស្ត្រនៃការកម្ចាត់ដង្កូវស៊ីរូងដើមលើដំណាំអំពៅ ។