ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត អញ្ជើញ ចុះចែកពូជស្រូវ ជូនប្រជាកសិករចំនួន ៥៥ គ្រួសារ ដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង
ចេញ​ផ្សាយ ០៦ វិច្ឆិកា ២០២០
77

 

ថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀប ចំយុទ្ធនាការសាបព្រោះស្រូវ ស្តារឡើងវិញនូវផលប៉ះពាល់គ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង ដែលបានជះឥទ្ធិពលលើ ០៤ស្រុក ០១ក្រុង នៅក្នុងខេត្តស្វាយរៀង រួមមាន ស្រុកស្វាយជ្រំ ស្រុករមាសហែក ស្រុកចន្រ្ទា ស្រុកកំពង់រោទិ៍ និងក្រុងស្វាយរៀង ។ ចំពោះការងារនេះមន្ទីរបានរៀបចំពិធីចែកពូជស្រូវជូនប្រជាពលរដ្ឋរងគ្រោះធម្ម ជាតិ ដោយជំនន់ទឹកភ្លៀង នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល  អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយ ឯកឧត្តម ថាច់ រតនា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៌ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សេង សិលា អភិបាលរងខេត្ត លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសទខេត្ត លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ អស់លោក លោកស្រី មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោក មេឃុំ មេភូមិ និងភ្នាក់ងារផ្សព្វផ្សាយឃុំ កសិករមកពី៣ភូមិ (ភូមិធ្លកថ្មី ក្បាលថ្នល់ និងភូមិព្រៃរបឹស) កសិករ៥៥នាក់ សរុបអ្នកចូលរួមក្នុងពិធីនេះប្រមាណ ៧៥រូប។ ពិធីនេះប្រារព្ធនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ កិច្ចដំណើការរួមមាន៖ 

កម្មវិធីទី១៖ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើរបាយការណ៌ អង្គពិធីទាំងមូល អំពីសមិទ្ធិផលកសិកម្ម និងគ្រោះធម្មជាតិនៅក្នុងខេត្តស្វាយរៀង

- ឯកឧត្តម ថាច់ រតនា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានណែនាំនិងផ្តល់អនុសាសន៍មួយចំនួន ដូចជា ការថែទាំស្រូវពូជ វិធានការទប់ទឹកទុក។

- ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានមានមតិសំណេះសំណាលនិងផ្តាំផ្ញើ សូមបងប្អូនទាំងអស់យកស្រូវពូជនេះទៅ សាបព្រោះទៅតាមតម្រូវការបន្ទាប់ពីទទួលរងគ្រោះជំនន់ទឹកភ្លៀង និងជំរុញអោយកសិករខិតខំដាំដំណាំរួមផ្សំបន្ថែមទៀតកុំទុកដីទំនេរចោលឥតប្រយោជន៌ ក្នុងរិបទ Covid19  ជាពិសេសសូមបងប្អូនទាំងអស់ជៀសអោយផុតពីជំងឺ Covid19 ត្រូវធ្វើអនាម័យជាប្រចាំ។ ក្នុងពិធីនេះឯកឧត្តម បានចែកពូជស្រូវសែនក្រអូប (អាយុកាលខ្លីថ្ងៃ) ជូនដល់ កសិករចំនួន ៥៥ គ្រួសារកសិករ មួយគ្រួសារទទួលបាន១០០ គ.ក្រ។

- កម្មវិធីទី២៖ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារបានចុះទៅពិនិត្យមើលកន្លែងព្រោះស្រូវពូជ សម្រាប់ស្តារឡើងវិញ នៅទីវាលដោយផ្ទាល់ ឯកឧត្តម បានឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះតាមដាន និងផ្តល់ប្រឹក្សាបច្ចេកទេសជូនកសិករបន្តទៀត ដោយសហការណ៌ជាមួយ ឯកឧត្តមទីប្រឹក្សាក្រសួង។

 

ចំនួនអ្នកចូលទស្សនា
Flag Counter