លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងនាំពូជស្រូវចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១ ០២០គ្រួសារ
ចេញ​ផ្សាយ ១២ វិច្ឆិកា ២០២០
86

នាព្រឹកថ្ងៃព្រហស្បតិ៍  ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ  លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងនាំពូជស្រូវចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១ ០២០គ្រួសារ ស្ថិតនៅទីតាំងតាមបណ្ដោយមាត់ទន្លេវ៉ៃគោ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ថ្លែងនូវមតិស្វាគមន៍ទៅកាន់ពិធីនេះ  ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ខេត្តស្វាយរៀងមិនខុសពីបណ្ដារាជធានី ខេត្តផ្សេងទៀតនៅក្នុងប្រទេសនោះទេ នៅអំឡុងខែតុលា ឆ្នាំ២០២០កន្លងទៅនេះ ឥទ្ធិពលព្យុះមួយចំនួនពីបណ្ដាប្រទេសក្នុងតំបន់ និងប្រទេសជិតខាង បានបណ្ដាលឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងបង្កឲ្យមានជំនន់ទឹកភ្លៀងកើតឡើងនៅតាមបណ្ដាក្រុង ស្រុកក្នុងខេត្តស្វាយរៀង ក្នុងនោះបានប៉ះពាល់ ចំនួន ៧ក្រុង ស្រុក ៣៨ឃុំ សង្កាត់ និង ១៥៦ភូមិស្មើនឹង ៤.៥៦៥គ្រួសារប៉ះពាល់ផ្ទះ ចំនួន ២.១០៦ខ្នង ខូចខាតផ្ទះ ចំនួន ៥ខ្នង ។

ក្នុងនោះក្រៅពីនេះជំនន់ទឹកភ្លៀងក៏បានបណ្ដាលឲ្យប៉ះពាល់ដល់វិស័យអភិវឌ្ឍន៍ជនបទ វិស័យធារាសាស្ត្រ និងវិស័យកសិកម្មផងដែរ រួមមាន ប៉ះពាល់ផ្លូវជនបទ ២៣ខ្សែ ប្រវែង ១៧២គ.ម អណ្ដូងទឹក ចំនួន ៨៣៧អណ្ដូង បង្គន់អនាម័យ ចំនួន ៣៦បង្គន់ ទំនប់ ១កន្លែង ប្រវែង ១.៥០០ម៉ែត្រ  និងនៅក្នុងវិស័យកសិកម្ម គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ប៉ះពាល់ចំនួន ៥ក្រុង ស្រុក២៦ឃុំ សង្កាត់ និង១២៨ភូមិ ប៉ះពាល់ដំណាំស្រូវលើផ្ទៃដី ២.០៨៨ហ.ត ខូចខាត លើផ្ទៃដី៩១២ហ.ត ស្មើនឹង ១.០២០គ្រួសារ ក្នុងនោះស្រុករមាសហែក ប៉ះពាល់ ៣៨១ហ.ត ស្មើនឹង៣៩០គ្រួសារ ស្រុកកំពង់រោទិ៍ ប៉ះពាល់ ១៨៤ហ.ត ស្មើនឹង ២០៨គ្រួសារ ស្រុកស្វាយជ្រំ ប៉ះពាល់១៧១ហ.ត ស្មើនឹង ២០៥គ្រួសារ ស្រុកចន្ទ្រា ប៉ះពាល់ ១១៥ហ.ត ស្មើនឹង ១៣៧គ្រួសារ និងក្រុងស្វាយរៀង ប៉ះពាល់ ៦១ហ.ត ស្មើនឹង ៨០គ្រួសារ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតមានប្រសាសន៍ថា សម្តេចតេជោ ពិតជាសោកស្តាយ ដែលមិនអាចមកចូលរួមផ្ទាល់ ប៉ុន្តែសម្តេចបានចាត់ឲ្យតំណាងចូលរួមទៅកាន់ខេត្តគោលដៅតាមផែនការកំណត់ ដោយតាមដានការអនុវត្តជាប់ជាប្រចាំ ការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តាឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់ ដោយមិនអាចពន្យារពេលបាន។ លោកជំទាវក៏បាន ថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរដែនដី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងក្រុមការងារពាក់ព័ន្ធ ដែលបានចូលរួមរៀបចំកម្មវិធីនេះប្រព្រឹត្តទៅបានយ៉ាងល្អ ។

លោកជំទាវក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។ ទន្ទឹមនេះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងជៀងផុតពីគ្រឿងញៀន។  ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត។មិន

អំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋចំនួន ១.០២០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ស្រូវពូជ ១០០គីឡូក្រាម មី ១កេស និងថវិកា ៥ម៉ឺនរៀល ៕

ចំនួនអ្នកចូលទស្សនា
Flag Counter