លោក ពុត កាអុល អនុប្រធានមន្ទីរ បានចូលរួមអមដំណើរ ឯកឧត្តម សេង សីលា អភិបាលរងខេត្ត ក្នុងពិធីចែកគ្រាប់ពូជដំណាំ នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២០
229

នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ពុត កាអុល អនុប្រធានមន្ទីរ អមដំណើរ ឯកឧត្តម សេង សីលា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកគ្រាប់ពូជដំណាំចំនួន ៤មុខ រួមមាន ពោត ត្រកួន ល្ពៅ និងត្រប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ២១៨គ្រួសារ មកពីឃុំចំនួន៣ គឺឃុំស្វាយធំ ស្វាយយា និងឃុំក្រោលគោ ស្រុកស្វាយជ្រំ ដែលពិធីនេះរៀបចំមាននៅក្នុងបរិវេណវត្តក្រោលគោ ឃុំក្រោលគោ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ថាច់ រតនា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលស្រុកស្វាយជ្រំ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលគ្រាប់ពូជដំណាំនៅថ្ងៃនេះ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្ត បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកគ្រាប់ពូជដំណាំដែលចែកជូននៅថ្ងៃនេះ ទៅប្រើប្រាស់បង្កបង្កើនផលឲ្យចំទិសដៅ ដើម្បីជាទុនក្នុងរបរកសិកម្មតទៅមុខទៀត ហើយមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានត្រូវតាមដាន និងជួយគាំទ្រផ្នែកបច្ចេកដល់បងប្អូនក្នុងការដាំដុះពូជបន្លែនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួន ព្រមទាំងក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ-១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។ ក្នុងនោះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter