ថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកម្មវិធីទិវាចម្ការប្រមូលផលដំណាំអំពៅស្កររបស់ សហគមន៍តាសួស នៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ដោយមានការចូលរួមពី លោកអភិបាល នៃគណៈអភិបាលស្រុករមាសហែក ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន តំណាងក្រុមហ៊ុនស៊ូ ហ្គាខេន ប្រធាន អនុប្រធានការិយាល័យកសិឧស្សាហកម្ម អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ ទីប្រឹក្សាកម្មវិធីASPIRE ក្រុមប្រឹក្សាឃុំ និងសមាជិកសហគមន៍កសិកម្មសាមគ្គីតាសួសសរុបចំនួន ៦២នាក់ ស្រី ២៧នាក់។ បន្ទាប់ពីមតិស្វាគមន៍របស់លោកអភិបាលស្រុក លោកប្រធានមន្ទីរបានមានមតិសំណេះសំណាល ស្តីពីសារប្រយោជន៍នៃការរៀបចំទិវាចម្ការអំពៅស្ករ និងបានផ្តាំផ្ញើដល់បងប្អូនអោយយកបច្ចេកទេសតាមក្រុមហ៊ុន Sugar Cane ទៅអនុវត្តបន្តអោយទទួលបានលទ្ធផលល្អ។ បន្ទាប់មកក្រុមការងារបាននាំកសិករចុះអនុវត្តប្រមូលផលជាក់ស្តែងវាស់ស្ទង់ទិន្នផលដោយទទួលបានជាមធ្យម ៦៥តោន/ហិកតា និងមានតម្លៃ ១៥២ ០០០ រៀល/តោន។ ការដាំដុះដំណាំអំពៅឆ្នាំទី១ មិនទាន់ទទួលបានផលចំណេញទេ ដែលត្រូវចំណាយច្រើន ប៉ុន្តែចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី៤ នឹងទទួលបានប្រាក់ចំណញច្រើន។