លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរ បានចូលរួមកម្មវិធីផ្តល់ទុនសហវិនិយោគដល់បណ្តុំអាជីវកម្មផលិតស្រូវពូជ ក្នុងស្រុកចន្ទ្រា
ចេញ​ផ្សាយ ១០ កញ្ញា ២០២១
114

ថ្ងៃពុធ ២កើត ខែភត្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត និងជាអនុប្រធានគ្រប់គ្រងកម្មវិធី ASPIRE លោក សួស សារី ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE និងលោកជិន វណ្ណា មន្រ្តីមន្ទីរកសិកម្មខេត្ត ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន រួមមាន លោក សួស សារិទ្ធ អភិបាលរងស្រុកចន្រ្ទា លោក ជំទប់ទី១ឃុំច្រេស ប្រធានការិយាល័យនិងមន្រ្តីកសិកម្មស្រុក មន្ត្រីការិយាល័យអន្តរវិស័យស្រុក និង លោកប្រធានភូមិ បានចូលរួមផ្តល់ទុនសហវិនិយោគ ដល់សមាជិកកសិករក្នុងបណ្តុំអាជីវកម្មផលិតស្រូវពូជ ចំនួន ៥០ នាក់ ស្រី ១៦ នាក់ ស្ថិតក្នុងភូមិបន្លាស្អិត ឃុំ ច្រេស ក្នុងស្រុកចន្ទ្រា ។

មុនពេលផ្តល់ទុនសហវិនិយោគដល់កសិករ លោក សេក សារិទ្ធ មន្រ្តីការិយាល័យក្សេត្រសាស្ត្របានរំលឹកដល់កសិករអំពីបច្ចេកទេសនិងដំណើរការផលិតស្រូវពូជ មានការជ្រើសរើសពូជ ការធ្វើដី ការបណ្តុះគ្រាប់ពូជមុនការសាបព្រួស ការមើលថែទាំ និងដំណាក់កាលនៃការប្រើប្រាស់ជី ដើម្បីធានាបានផលល្អប្រកបដោយគុណភាព។

លោកអនុប្រធានការិយាល័យកសិកម្មស្រុក ក៍បានចូលរួមនែនាំដល់កសិករអំពីការផលិតជីធម្មជាតិដែលមានស្រាប់នៅក្នុងមូលដ្ឋាននិងកាត់បន្ថយនូវការប្រើប្រាស់ជីគីមី។ កាកសំណល់ពីឡជីវឧស្ម័នក៍ជាប្រភពជីធម្មជាតិដ៍ល្អសំរាប់ដំណាំស្រូវផងដែរ។ ទាក់ទងនិងការប្រើប្រាស់ជីគីមីលោកបានណែនាំកសិករអោយចេះប្រើប្រាស់បានត្រឹមត្រូវតាមកាលវេលានៃការលូតលាស់របស់ដំណាំស្រូវ និងត្រូវរក្សាបាននូវបរិស្ថានល្អ ដោយជៀសវាងកុំបោះចោលនូវសំបកវេចខ្ចប់ពាសវាលពាសកាលដែលអាចបង្កអោយមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាននិងសុខភាពសាធារណះផងដែរ។

ក្នុងកម្មវិធីនេះ លោកអភិបាលរងស្រុកបានមានមតិសំនេះសំណាល និងបានវាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់កម្មវិធី ASPIRE ក្នុងការជួយលើកកំពស់ជីវភាពកសិករតាមរយះការគាំទ្រវិស័យកសិកម្មដល់ប្រជាជនក្នុងស្រុករបស់លោក។ លោកក៍បានឆ្លៀតឳកាសណែនាំកសិករនិងសហគមន៍អោយ ចូលរួមសហការក្នុងការកាត់បន្ថយនិងលុបបំបាត់ការប្រើប្រាស់គ្រឿងញាណនៅក្នុងសហគមន៍ ដោយត្រូវរាយការណ៍ ពីអ្នកប្រើប្រាស់និងចែកចាយគ្រឿងញៀនដល់អាជ្ញាធរមូលដ្ឋានដើម្បីមានវិធានការ និងបានរំលឹកដល់កសិករអោយនាំគ្នាបន្តអនុវត្តវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងត្រូវប្រកាន់ខ្ជាប់នូវការអនុវត្ត ៣កុំនិង៣ការពារ។

លោក សួស សារី ទីប្រឹក្សាបានជម្រាបជូនកសិករពីគោលបំណងនិងសារះសំខាន់របស់កម្មវិធី ASPIRE ដែលឈានទៅរកការបង្កើនផលិតកម្មនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយគុណភាពនិងនិរន្តរភាព តាមរយះនៃការអនុវត្តចំណេះដឹងបច្ចេកទេសកសិកម្មថ្មីដែលធន់និងការប្រែប្រួលអាកាសធាតុក្នុងន័យបង្កើនប្រាក់ចំនូលគ្រួសារ លើកកម្ពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្រផងដែរ។

លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាអនុប្រធានគ្រប់គ្រងកម្មវិធី ASPIRE បានគូសបញ្ជាក់ពីការចាប់ផ្តើមនិងសកម្មភាពនានានៃការគាំទ្ររបស់កម្មវិធី ASPIRE ក្នុងខេត្តស្វាយរៀង ។ លោកស្រី ក៍បានរៀបរាប់សារះសំខាន់នៃវិធីសាស្រ្តគាំទ្រទាំង ៥របស់កម្មវិធី ASPIRE និងបានប្រកាសពីទុនសហវិនិយោគសំរាប់គាំទ្រកសិករនាពេលនេះ ដោយកសិករម្នាក់ៗទទួលបាន មានជីធម្មជាតិជប៉ុន១បាវ-៥០គ.ក្រ, ជីអ៊ុយរ៉េ ១បាវ -២៥ គ.ក្រ និង ស្រូវពូជផ្ការំដួល ២០ គីឡូក្រាម។

ជាចុងបញ្ចប់លោកស្រីបានផ្តែផ្តាំដល់កសិករអោយខិតខំយកចិត្តទុកដាក់ក្នុងការរៀនសូត្រនិងការដាំដុះស្រូវក្នុងបរិបទបច្ចេកទេសកសិកម្មថ្មីដែលធន់និងការប្រែប្រួលអាកាសធាតុ និងត្រូវទំនាក់ទំនងតាមទូរស័ព្ទមកមន្រ្តីបច្ចេកទេសកសិកស្រុកខេត្តពេលជួបបញ្ហាលើការងារដាំដុះស្រូវ។   

ចំនួនអ្នកចូលទស្សនា
Flag Counter