ឯកឧត្តម មាស ពិសិដ្ឋ នាយកកម្មវិធី ASPIRE ចុះពិនិត្យសកម្មភាពបណ្តុំអាជីវកម្មក្នុងខេត្តស្វាយរៀង
ចេញ​ផ្សាយ ១៣ កញ្ញា ២០២១
121

ថ្ងៃសុក្រ ៤កើត ខែភត្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមដំណើរដោយទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE និងមន្រ្តីមន្ទីរកសិកម្មខេត្ត៣នាក់ និងមន្រ្តី S-RET បានទទួលស្វាគមន៍និងជូនដំណើរ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ នាយកកម្មវិធី ASPIRE ចុះត្រួតពិនិត្យសកម្មភាពបណ្តុំអាជីវកម្មគាំទ្រដោយកម្មវិធី ASPIRE មួយចំនួន រួមមាន ការប្រើប្រាស់ម៉ូទ័របូមទឹកប្រើប្រាស់ឋាមពលសូឡា សំណង់ Collecting Center កសិករបណ្តុំអាជីវកម្មបន្លែ និង កសិដ្ឋានចិញ្ចឹមគោនិងផលិតជីគ្រាប់ធម្មជាតិ ដែលស្ថិតនៅ ក្នុងស្រុកគំពង់រោទិ៍ និង ក្រុងស្វាយរៀង។

ពេលអញ្ជើញមកដល់ឯកឧត្តមបណ្ឌិតត្រូវបានទទួលស្វាគមន៍ដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE និង មន្រ្តី S-RET។ ក្រោយសំណេះសំណាល ក្រុមការងារបានជូនឯកឧត្តមពិនិត្យមើលសូឡាបូមទឹកថ្មីដែលទើបបំពាក់អោយដោយគំរោង S-RET នៅនឹងមន្ទីរកសិកម្មខេត្ត។ នៅទីនោះមន្រ្តីមន្ទីរកសិកម្ម និងមន្ត្តី S-RET បានជំរាបជូនឯកឧត្តមនាយកកម្មវិធី ASPIRE ត្រួសៗ ពីរបៀបប្រើប្រាស់ និងលក្ខណះបច្ចេកវិទ្យាសូឡាបូមទឹកថ្មីនេះផងដែរ។

ក្រុមការងារក៍បានជូនដំណើរឯកឧត្តមបន្តចុះ ត្រួតពិនិត្យមើលការប្រើប្រាស់សំណង់ប្រមូលទិញកសិផល នៅភូមិឬស្សីអម ក្នុងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ។ នៅទីនោះឯកឧត្តមនិងអ្នករួមដំណើរបានជួបម្ចាស់ទីតាំងឈ្មោះ ចាន់ សុខ និងលោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និងជាអនុប្រធានគ្រប់គ្រងកម្មវិធី ASPIRE លោកប្រធានការិយាល័យកសិកម្មស្រុកដែលនៅរង់ចាំទទួលស្វាគមន៍ឯកឧត្តមនៅនឹងកន្លែង។

ក្រោយការពិនិត្យសំណង់ និងបានចុះមើលដំណាំបន្លែរបស់កសិករ និងការប្រើប្រាស់សូឡាបូមទឹកស្រោចស្រពបន្លែដែលជាបច្ចេកវិទ្យាប្រើប្រាស់ឋាមពលករកើតឡើងវិញរបស់កសិករដែលនៅមានដំណើរការល្អរួចមក ឯកឧត្តមបណ្ឌិតបានសំណេះសំណាលសាកសួរកសិករនិងមន្រ្តីមន្ទីរកសិកម្មស្រុកខេត្តជុំវិញការសាងសង់និងដំណើរការប្រើប្រាស់អាគារ និងពីសកម្មភាពនៃការដាំដុះ ការប្រមូលទិញនិងការលក់ដូរបន្លែរបស់កសិករផងដែរ។ ឯកឧត្តមបណ្ឌិតបានវាយតំលៃចំពោះសោភ័ណ្ឌភាពនិងគុណភាពសំណង់ថាអាចទទួលយកបាន តែថានិងស្នើសុំអោយខាងក្រុមហ៊ុនបន្ថែមដែករបារផ្នែកខាងលើក្នុងអាគារព្រោះថាប្រឡោះដែករង្វើលពេកដែលមនុស្សអាចឡើងចេញចូលបាន។

ក្រោយបានចុះមើលទីតាំងខាងលើនេះ ក្រុមការងារក៍បានជូនឯកឧត្តមនាយកកម្មវិធី ទៅមើល ការដាំដុះបន្លែរបស់សមាជិកកសិករបណ្តុំបន្លែ ឈ្មោះ អឿង ហឿន នៅភូមិត្រដែត ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ដែលកសិកររូបនេះបានដាំដុះលើផ្ទៃដីប្រមាណ១ហិកតា។ កសិកររូបនេះក៍មានប្រើសូឡាបូមទឹកស្រោចស្រពបន្លែដែលជាបច្ចេកវិទ្យាប្រើប្រាស់ឋាមពលករកើតឡើងវិញផងដែរ។ ដំណើរការសូឡានៅមានដំណើរការល្អធម្មតា។ មុនពេលចាកចេញ ឯកឧត្តមនាយកកម្មវិធីបានសួរកសិករថាតើគាត់មានសំនូមពរអ្វីខ្លះដែរឬទេ ? កសិករថាមិនមានសំណូមពរអ្វីធំដុំទេ តែចង់បានគ្រាប់ពូជស្មៅយកទៅដាំសំរាប់ធ្វើជាចំណីគោ។ ឆ្លើយតបនិងសំណូមពរនេះលោកប្រធានមន្ទីរក៍បានផ្តល់គ្រាប់ពូជស្មៅ ចំនួន១គីឡូក្រាមដល់កសិករ។

នៅចុងបញ្ចប់នៃបេសកកម្មរបស់ឯកឧត្តម ក្រុមការងារបានជូនឯកឧត្តមទៅពិនិត្យមើលកសិដ្ឋានចិញ្ចឹមគោនិងផលិតជីគ្រាប់ធម្មជាតិ របស់មន្រី្តមន្ទីរធនធានទឹក ដែលស្ថិតនៅភូមិ ទាហ៊ានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។ នៅទីនោះក្រុមការងារ និងឯកឧត្តមបានពិនិត្យទីតាំងកសិដ្ឋាននិងសួរនាំខ្លះៗ ជុំវិញការងារចិញ្ចឹមគោនិងផលិតជីរគ្រាប់របស់កសិដ្ឋាន ។                                                                                                                                         

ចំនួនអ្នកចូលទស្សនា
Flag Counter