នាព្រឹកម៉ោង ប្រាំបីសាមសិបនាទី ត្រូវថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានចូលរួមពិធីចែកអង្ករជំនួយសង្គ្រោះបន្ទាន់ របស់រដ្ឋាភិបាលកូរ៉េ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលរងផលប៉ះពាល់ដោយសារការរីករាលដាលដោយសារជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្តមតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ដែលមានប្រជាពលរដ្ឋចំនួន១០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ៤០គីឡូក្រាម និងម៉ាសចំនួន១ប្រអប់ មាន០៨ឃុំ នៃស្រុករំដួល ខេត្តស្វាយរៀង ។
ឯកឧត្តមតូច ប៉ូលីវ៉ា មានមតិសំណេះសំណាលជាមួយបងប្អូនទាំង ១០០គ្រួសារ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត និងជាពិសេសបងប្អូនដែលទទួលរងផលប៉ះ ពាល់ដោយសារជំងឺកូវីដ-១៩។ ជានិច្ចកាល សម្តេចតែងតែគិតគូ បារម្ភ ខ្វល់ខ្វាយអំពីទុក្ខលំបាក និងបញ្ហាជីវភាពរបស់បងប្អូនទាំងអ្នកឆ្លងជម្ងឺកូវិដ ១៩ ហើយកំពុងសម្រាកព្យាបាលនៅផ្ទះ និងនៅមន្ទីរពេទ្យ និងទាំងអ្នកមិនទាន់ឆ្លងក្តី។ មើលឃើញបញ្ហាទាំងអស់នេះ សម្តេចបានអនុញ្ញាតឲ្យឯកឧត្តម នាំយកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋានអាស៊ានបូក៣ ក្នុងកម្មវិធីការផ្តល់ស្បៀងបំរុងជាអង្ករសង្គ្រោះបន្ទាន់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋស្រុករំដួល ចំនួន ១០០គ្រួសារ។