មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង លោកជិន វណ្ណា អនុប្រធានការិយាល័យគ្រឿងយន្ត និងមន្រ្តី នៃមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យមើលការដាំបន្លែរបស់កសិករ យ៉ាន់ សុធា អាយុ ៤១ឆ្នាំរស់នៅភូមិសូរ ឃុំដូនសរ ស្រុកស្វាយជ្រុំ
ចេញ​ផ្សាយ ៣១ ឧសភា ២០២២
147

នៅថ្ងៃអង្គារ ១ កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២   លោកជិន វណ្ណា អនុប្រធានការិយាល័យគ្រឿងយន្ត និងមន្រ្តី នៃមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យមើលការដាំបន្លែរបស់កសិករ យ៉ាន់ សុធា អាយុ ៤១ឆ្នាំរស់នៅភូមិសូរ ឃុំដូនសរ ស្រុកស្វាយជ្រុំ លោកជាកសិករដាំដំណាំបន្លែ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត និងមានបទពិសោធន៍ដាំបន្លែរយះពេល១៧ឆ្នាំមកហើយ មុនពេលលោកចូលជាសមាជិកកម្មវិធី ASPIRE ក្នុងឆ្នាំ២០២០។ គាត់ជាប្រធានបណ្តុំអាជីវកម្មបន្លែ ដែលមានសមាជិកសរុបចំនួន៤០នាក់។តាមការពិនិត្យសង្កេតនិងការពិភាក្សាជាមួយកសិករ បានបង្ហាញនៅក្នុងរដូវវស្សាអ្នកដាំថយចុះចំពោះបន្លែស្លឹក និងភាគច្រើនដាំបន្លែផ្លែដែលឡើងទ្រើងជំនួសវិញ ព្រោះទីដាំបន្លែរបស់ពួកគេភាគច្រើននៅវាលស្រែហើយលិចទឹកក្នុងរដូវភ្លៀងធ្លាក់ជោគជាំ។

កសិកររូបនេះដាំបន្លែចំរុះលើផ្ទៃដី ទំហំ ២៥មX១៣០ម (៣២៥០ ម៉ែត្រការ៉េ) បន្លែចំរុះដែលគាត់ដាំរួមមាន បន្លែស្ពៃ សាលាដ ត្រសក់ ត្រឡាច ម្រះ ននោង សណ្តែកគួរ ខ្ទឹមស្លឹក។ លោកថាលោកដាំបន្លែឆ្លាស់គ្នាដើម្បីរក្សាគុណភាពដីនិងបរិមាណផលបន្លែ។ កសិករប្រើជីរធម្មជាតិសំរាប់ដាក់ដំណាំបន្លែរបស់គាត់ និងប្រើថ្នាំបាញ់សត្វល្អិតម្តងម្កាលក្នុងករណីមានកើតសត្វល្អិតមកបំផ្លាញដំណាំបន្លែរបស់គាត់។

កសិករប្រើប្រភពទឹកអណ្តូងសំរាប់ស្រោចស្រពដំណាំបន្លែរបស់គាត់។ កន្លងមកគាត់ធ្វើការដាំដុះនិងកាប់គាស់ដី និងពូនរងបន្លែដោយប្រើចបកាប់និងកំលាំពលកម្មរបស់គាត់ តែពេលនេះគាត់ទិញបានកូនម៉ាស៊ីនជ្រោយដីនិងសំរាប់ពូនរងមួយទឹកបាន១គ្រឿងហើយក្នុងតំលៃ ២០០ដុល្លារ។ គាត់និយាយដោយសប្បាយចិត្តថាកូនម៉ាស៊ីននេះបានជួយដល់ការងារប្រកបរបរដាំដំណាំនេះបានច្រើនហើយគាត់ធូរកំលាំងច្រើនក្នុងការកាប់គាស់ដី។ក្នុងពេលចុះត្រួតពិនិត្យការដាំបន្លែរបស់កសិករ ឃើញថាកសិករកំពុងដាំបន្លែចំរុះលើផ្ទៃដីប្រមាណ ១២០០ ម៉ែត្រការ៉េ មានបន្លែដូចជា ត្រសក់ ១៥រង, ដើមខ្ទឹម៣រង ននោងជ្រុ៧រង ត្រឡាច ៦រង សណ្តែកគួរ៦រង ម្រះ ៤ រង សាលាដ ៣ រង និងស្ពៃ ៤ រង។កសិករ យ៉ាន់ សុធា ថាការប្រមូលផលនិងចាប់ផ្តើមនាពាក់កណ្តាលខែមិថុនា និងមានបរិមាណផលសរុបប្រមាណ ២៣០០ គីឡូក្រាម ដែលអាចលក់បានថវិការក្នុងតំលៃប៉ាន់ប្រមាណសរុប ៨,៦៥២,០០០ រៀល។ ទូរតាត់ការចំណាយផ្សេអលើការផលិត កសិកររូបនេះថាគាត់អាចនៅចំណេញដុលប្រមាណ៨០% នៃប្រាក់លក់បានសរុប។ លោកថាការប្រមូលផលបន្លែលក់ក្នុងខែមេសាកន្លងមក គាត់នៅសល់ប្រាក់ចំនេញដុលប្រមាណ ៤ លានរៀល។

បន្លែរបស់កាត់ភាគច្រើនគឺត្រូវបានប្រពន្ធរបស់គាត់ទៅលក់នៅក្នុងទីផ្សារក្នុងឃុំដូនសរនិងមានបរិមាណតិចតួយប៉ុណ្ណោះដែលបានលក់បោះដុំអោយអ្នកលើកយកទៅលក់បន្ត នៅតាមទីផ្សារលោកថាបន្លែខែវស្សាមានតំលៃខ្ពស់ជាងខែប្រាំង ហើយថាបន្លែរបស់គាត់ងាយស្រួយលក់ព្រោះអ្នកប្រើប្រាស់គេមានការទុកចិត្តលើបន្លែធម្មជាតិដែលដាំដោយកសិករខ្មែរនៅតាមមូលដ្ឋានជនបទ។ គាត់ថាក្នុងចំណោមបន្លែទាំងអស់បន្លែខ្ទឹមស្លឹកមានតំលៃខ្ពស់ជាងគេ ដោយ១គីឡូក្រាមលក់បានតំលៃ ៨០០០រៀល បើបន្លែស្លឹកខ្ទឹមនេះសំបូរលើទីផ្សារក៍គង់នៅលក់បាន ៥០០០រៀល/គីឡូក្រាមផងដែរ។

 

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter