នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២
លោកប៉ែន ផល្លី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន ៤០០គ្រួសារ និងគ្រួសារជួបការលំបាក ១០០គ្រួសារ សរុបចំនួន ៥០០គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ស្ថិតក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងប្រតិភូអមដំណើ។
មានប្រសាសន៍ទៅកាន់ពិធីនេះ ក្នុងនាមរដ្ឋបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឯកឧត្តមបានសម្ដែងនូវការ ស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្ដមរដ្ឋមន្ត្រីដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃនិងមមាញឹកអញ្ជើញចុះមកជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅតំបន់ផ្ទះ៤០០ខ្នង ស្មើនឹង ៤០០គ្រួសារ និងបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ នៅភូមិជីកដីនាពេលនេះ និងថ្លែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះមន្ទីរ-អង្គភាពទាំងអស់ រួមទាំងអាជ្ញាធរស្រុក ឃុំ ក៏ដូចជាសមាគមអតីតយុទ្ធជនខេត្ត ស្រុក ដែលកន្លងមក បានចូលរួមសហការតាមការចង្អុលណែនាំ និងចាត់តាំងរបស់រដ្ឋបាលខេត្ត ក្នុងការចុះជួយឧបត្ថម្ភ និងផ្ដល់នូវកូនឈើ និងដំណាំហូបផ្លែដល់បងប្អូនគ្រួសារអតីតយុទ្ធជន ជាពិសេសកិច្ចគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ បើទោះបីជាមិនទាន់បានឆ្លើយតប ១០០% ប៉ុន្តែក៏បានជួយសម្រួលដល់ការរស់នៅរបស់បងប្អូន ដែលនេះជាចំណុចវិជ្ជមានមួយនាំឲ្យ បងប្អូនបានមកស្នាក់នៅអចិន្ត្រៃ យ៍ រហូតដល់ទៅ ២៩៦គ្រួសារ និងស្នាក់នៅចេញ-ចូល មាន ១០៣គ្រួសារ និងមានតែ ១គ្រួសារ ប៉ុណ្ណោះ ដែលមិនមករស់នៅ ហើយក៏បានប្រគល់ជូនមករដ្ឋវិញផងដែរ ។
ឯកឧត្តមបន្ថែមថា ចំពោះចំណុចសេសសល់ ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលនៅមានការខ្វះខាតនៅទីនេះ សូមឲ្យអាជ្ញាធរ ស្រុក រួមទាំងមន្ទីរ-អង្គភាពជំនាញ សហការចុះពិនិត្យសិក្សា និងវាយតម្លៃជាក់ស្ដែង ដើម្បីរៀបចេញជាផែនការបំពេញបន្ថែម ក្នុងនោះក៏សូមឲ្យមានការគិតគូរផងដែរ ពាក់ព័ន្ធនឹងសកម្មភាពគាំទ្រដល់ការបង្កើតមុខរបរ ឬក៏សកម្មភាពសេដ្ឋកិច្ចនៅទីនេះផ្ទាល់ តែម្ដង ដែលអាចឲ្យបងប្អូនមានឱកាសក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ តាមរយៈការ បង្កើតជាសហគមន៍ដាំដំណាំបន្លែសរីរាង្គសម្រាប់ផ្គង់ផ្គង់ទីផ្សារ និង សិប្បកម្មដែលធ្វើដោយដៃ ជាដើម ។
ឯកឧត្តមបានផ្តាំផ្ញើរដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរកិច្ចការនារី និងមន្ទីរអភិវឌ្ឍន៍ជនបទ សហការរៀបចំជួយគាំទ្របងប្អូនលើការងារបណ្ដុះបណ្ដាលជំនាញ ទាំងអស់នេះ ក៏ដូចជាជួយរកទីផ្សារសម្រាប់លក់នូវផលិតផលដែលបងប្អូនផលិតបាន ។ ទន្ទឹមនោះ សូមឲ្យអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះជួប និងក្ដាប់បញ្ហាតម្រូវការនានារបស់បងប្អូនគ្រួសារអតីតយុទ្ធជនដែលរស់នៅទីនេះ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូន ឲ្យ បានល្អប្រសើរ តួយ៉ាងនៅក្នុងប្រើប្រាស់ប័ណ្ណ បសស ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅ តាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងនៅក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់បងប្អូនគ្រួសារអតីតយុទ្ធជន ។
ឯកឧត្តមបាន សំណូមពរដល់បងប្អូនគ្រួសារអតីតយុទ្ធជន ដែលមិនទាន់បានមកស្នាក់នៅអចិន្ត្រៃ យ៍ អញ្ជើញមកស្នាក់នៅផ្ទះដែលបានប្រគល់ ជូនរួចហើយឲ្យបានជាប់លាប់ ព្រោះដោយហេតុថា នាពេលខាងមុខនេះ ក្រុមការងារជំនាញ នឹងចុះធ្វើការវាយតម្លៃតាមនីតិវិធីមុននឹងឈានទៅចុះបញ្ជីដី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុតាមគោលការណ៍ច្បាប់ដែលបានកំណត់ ត្រូវចូលរួមជួយថែទាំទ្រព្យ សម្បត្តិ សាធារណៈដែលមាននៅទីនេះឲ្យបានគង់វង្សប្រើប្រាស់យូរអង្វែង និងសូមអញ្ជើញទៅ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា ព្រមទាំងត្រូវយក ចិត្តទុកដាក់ ថែទាំសុខភាព និងប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែប្រសើរ ហើយក្នុងករណីដែលមានការជួបប្រទះនូវបញ្ហាប្រឈមផ្សេងៗ ត្រូវរួសរាន់លើកសំណើ ឬសំណូមពរ និងរាយការណ៍ ជូនអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បី មានវិធានការដោះស្រាយឲ្យបានទាន់ពេលវេលា ។
អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋរួមមាន÷
- អង្ករ ២០គីឡូក្រាម មី ១កេស
- ត្រីខ ១យួរ ទឹកត្រី ១យួរ
- ទឹកស៊ីអ៊ីវ ១យួរ សាប៊ូលាងដៃ ២ដុំ និងថវិកា ១០០.០០០រៀល។