មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ឆ្នាំ២០២២ ។
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០២២
57

នាព្រឹកថ្ងៃអង្គារ ៧ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២

លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ឆ្នាំ២០២២ ។ក្រោមអធិបតីភាពឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង។

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថាៈ អង្គវេទិកានាថ្ងៃនេះពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រនិងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមបានបន្តថាៈវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានា និងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឃមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានាសម្រាប់ការពិភាក្សានិងតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អនិងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង ក៏បានជម្រាបជូនផងដែរអំពីស្ថានភាពទូទៅរបស់រដ្ឋបាលខេត្ត. ជាពិសេសគឺបញ្ហាប្រឈមរបស់រដ្ឋបាលខេត្តនាពេលកន្លងមកមានជាអាថ៌.គ្រោះមហន្តរាយធម្មជាតិដូចជាការរាំងស្ងួត ទឹកជំនន់ ខ្យល់កន្ត្រាក់ បានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលស្រូវនិងការរស់នៅរបស់ប្រជាពលរដ្ឋ។ បញ្ហាទំនាស់ដីធ្លី ការរំលោភកាន់កាប់ដីព្រែក បឹង អូរ និងដីចំណីថ្នល់នៅតែកើតមាន ។ គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានដោយសារអ្នកបើកបរខ្វះការយោគយល់គ្នា ខ្វះការប្រុងប្រយ័ត្ននិងបើកបរក្នុងស្ថានភាព្រសវឹង។ ការប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់នៅតែកើតមានក៏ដូចជាការគ្រប់គ្រងកាកសំណល់នៅតាមទីប្រជុំជននិងនៅតាមរោងចក្រ សហគ្រាសអនុវត្តមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងការចូលរួមនៅមានកម្រឹត។

ឯកឧត្តមអភិបាលរងខេត្តបានសង្កត់ធ្ងន់ថាៈ អ្វីដែលជាបញ្ហាប្រឈមមួយទៀតនោះគឺនៅតាមក្រុង/ស្រុកមួយចំនួនមិនទាន់មានទីលានចាក់សំរាមឲ្យបានសមស្របតាមបទដ្ឋានបច្ចេកទេស  និងមិនទាន់មានក្រុមហ៊ុនប្រមូលសំរាមបន្ថែម  ដើម្បីប្រមូលឲ្យបានទាន់ពេលវេលានោះទេ។ ទីកន្លែងស្ថិតនៅសាលាក្រុងស្វាយរៀង។

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter