មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសន្ទនាស្ដីពី «ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម»
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០២២
83

នាព្រឹកថ្ងៃចន្ទ០៦រោច ខែកត្ដិក  ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤  ខែវិច្ឆិកា ឆ្នាំ២០២២

លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសន្ទនាស្ដីពី «ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម»     ដើម្បីផ្សព្វផ្សាយដល់បងប្អូនប្រជាកសិករអំពីគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីនៅក្នុងវិស័យកសិកម្ម ដែលរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ។ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កសិករ ម្ចាស់កសិដ្ឋាន និងអ្នកផលិតនៅក្នុងវិស័យកសិកម្មភាគច្រើនលើសលប់ដែលឯកឧត្តមបានជួបនៅក្នុងដំណើរចុះបេសកកម្ម និងក្នុងជំនួបជាច្រើន ពុំបានដឹងអំពីគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីនេះទេ ដែលជាហេតុធ្វើឱ្យពួកគាត់មិនអាចចំណេញច្រើន។

តាមរយៈកិច្ចសន្ទនាដែលមានការចូលរួមពីឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល  ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា។ ឯកឧត្តម ឌិត ទីណា សង្ឃឹមយ៉ាងមុតមាំថា អ្នកប្រកបរបរនៅក្នុងវិស័យកសិកម្មដែលចូលរួមនៅក្នុងកិច្ចសន្ទនានេះនឹងបានយល់ដឹងកាន់តែច្បាស់អំពីគោលនយោបាយអនុគ្រោះថ្លៃអគ្គសិនីសម្រាប់វិស័យកសិកម្ម ហើយឈានដល់ការអនុវត្តឲ្យបានពេញលេញនូវការអនុគ្រោះថ្លៃអគ្គិសនីនេះ។ ការអនុគ្រោះថ្លៃអគ្គិសនីនេះបានពេញលេញ និងអាចកាត់បន្ថយការចំណាយ ហើយជួយឱ្យកសិករទទួលបានផលចំណេញច្រើនជាងមុន។

ថ្លែងទៅកាន់អ្នកចូលរួមដែលជាកសិករមកពីបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានចាត់ទុកអ្នកប្រកបរបរកសិកម្មថាជា «អ្នកក្លាហាន»  សម្រាប់ ឯកឧត្តម ស៊ុយ សែម វិស័យកសិកម្ម ជាវិស័យមួយដែលមានបញ្ហាប្រឈមច្រើន និងត្រូវចាយទុនខ្ពស់។ ហេតុនេះហើយទើបរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ និងចាត់ទុកវិស័យកសិកម្មជាវិស័យស្នូល។ 

បើតាម ឯកឧត្តម ស៊ុយ សែម ចាប់តាំងពីឆ្នាំ២០២១មក រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម ដែលមានតម្លៃទាបជាងការប្រើប្រាស់អគ្គិសនីប្រភេទផ្សេងៗ។ ចំពោះការប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ទាំងនៅពេលថ្ងៃ និងនៅពេលយប់ ជាពិសេសគឺនៅពេលយប់ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ថ្លៃអគ្គិសនីត្រូវបានអនុគ្រោះឲ្យបង់ត្រឹមតែ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ។

តម្លៃអគ្គិសនីអនុគ្រោះ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់វិស័យកសិកម្ម ចាប់ពីម៉ោង៩យប់ ដល់៧ព្រឹក ត្រូវបាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា សង្កត់ធ្ងន់ថា ជាតម្លៃដែលរាជរដ្ឋាភិបាលឧបត្ថម្ភធន មានន័យថា រាជរដ្ឋាភិបាលលក់ភ្លើងក្នុងតម្លៃខាត ដែលថ្លៃដើមអគ្គិសនីក្នុងពេលបច្ចុប្បន្នមានតម្លៃប្រមាណ១ពាន់រៀលក្នុង១គីឡូវ៉ាត់ម៉ោង។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យបងប្អូនកសិករ អ្នកផលិត អ្នកចិញ្ចឹមសត្វ អនុវត្តគោលនយោបាយអនុគ្រោះអគ្គិសនីសម្រាប់វិស័យកសិកម្ម ឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងបង្កើនផលចំណេញ។

ជាមួយគ្នានេះ អគ្គនាយកអគ្គិសនីកម្ពុជា និងប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានប្រកាសការរង់ចាំសហការជាមួយបងប្អូនក្នុងវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងការភ្ជាប់បណ្តាញអគ្គិសិនី ដែលមានការអនុគ្រោះថ្លៃ។

ចំពោះព័ត៌មានបន្ថែម បងប្អូនកសិករ អ្នកផលិត អ្នកចិញ្ចឹមសត្វ និងអ្នកដែលធ្វើការក្នុងវិស័យកសិកម្មទាំងអស់ អាចទាក់ទងសួរព័ត៌មានបន្ថែមតាមរយៈ លេខទូរសព្ទ ០៧៧ ២២២ ០១២ និង ០៩០ ៩០៣ ៣១១ ឬអាចទាក់ទងតាមរយៈ Facebook របស់អគ្គិសនីកម្ពុជា៕

​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ​ រតនៈ បានឱ្យដឹងថា បច្ចុប្បន្ន​រដ្ឋាភិបាល​មាន​បញ្ចេញ​ប្រាក់​ប្រមាណ ១២០​ លាន​ដុល្លារ​ ក្នុង ​១ ​ឆ្នាំ ​ឧបត្ថម្ភ​ធន​ដល់​វិស័យ​អគ្គិសនី​ដើម្បី​ធ្វើឱ្យ​មានតម្លៃ​ទាប និង​ធានា​ការផ្គត់ផ្គង់​ក្នុងប្រទេស​បាន​ពេញ​​លេញ​។ ការធ្វើឱ្យ​តម្លៃ​អគ្គិសនី​ទាប នឹង​រួមចំណែក​ធ្វើឱ្យ​កម្រិតជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ​។ លោក​បន្តថា ក្នុងនាម​ប្រតិបត្តិ​ករ​ចែកចាយ​ថាមពល​អគ្គិសនី​លោក​ពិតជា​លើកទឹកចិត្ត​ឱ្យ​ប្រជាក​សិ​​ករ​មក​ដាក់ពាក្យ​ស្នើសុំ​ត​ភ្ជាប់​ថាមពល​អគ្គិសនី​តម្លៃ​ទាប​ឱ្យ​កាន់តែច្រើន​។​

​ទាក់ទង​នីតិវិធី​ដើម្បី​ទទួលបាន​អគ្គិ​​ស​នី​តម្លៃ​ទាប​ក្នុង​វិស័យ​កសិកម្ម លោក កែវ រតនៈ បញ្ជាក់ថា​៖ «​អ្នកប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម រួមទាំង​អ្នក​កែច្នៃ​ទាំង​​អស់​អាច​ទៅ​ដាក់ពាក្យ​នៅ​កន្លែង​ចែក​​ចាយ​ (​សេវាករ​) ដោយ​យើង​ធានា​នឹង​ធ្វើឱ្យ​អ្វីៗ​ដំណើរការ​ទៅមុខ​ដោយ​រលូន​។ ចំពោះ​អ្នកស្នើសុំ​ប្រើប្រាស់​ក្នុងនាម​ជា​សមាគម ឬ​សហគមន៍ គឺ​ទាមទារ​ ឱ្យមាន​ការធានា ឬ​ដឹងឮ​ពី​អាជ្ញាធរ​ចំពោះ​ការ​ឈរឈ្មោះ​ទទួលខុសត្រូវ​»៕នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 

 

 

 

 

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter