មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង
ចេញ​ផ្សាយ ០៦ ធ្នូ ២០២២
76

នាព្រឹកថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២

លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង  បានអញ្ជើញចូលរួមពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដមនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពី   ឯកឧត្តម កឹង  ឃន  អគ្គស្នងការរងនគរបាលជាតិ លោកស្នងការនគរបាលខេត្ត ឯកឧត្តម ប្រតិភូអមដំណើរ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត  លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការងនគរបាលខេត្ត លោកអភិបាលក្រុង/ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក លោកស្រីមេឃុំ/ចៅសង្កាត់ និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជាឃុំ/សង្កាត់ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងជាប្រធានសាខាសមាគមអតីតយុទ្ធជនកម្ពុជាឃុំ/សង្កាត់ សរុបវត្តមាន ២៥៣នាក់។

ឯកឧត្តមអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានសម្ដែងនូវការ  អរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់  គីម  ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ផ្ដល់កិត្តិយសអញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីប្រកាសនាថ្ងៃនេះ  ដែល បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងជាការផ្ដល់នូវកម្លាំង ចិត្តយ៉ាងធំធេងដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ឲ្យបន្តខិតខំបំពេញភារកិច្ចស្នូល ដើម្បី ចូលរួមចំណែកកាន់តែសកម្ម ក្នុងបេសកកម្មបម្រើ ធានា ការពារ និងផ្ដល់នូវផលប្រយោជន៍ ជូនបងប្អូនអតីតយុទ្ធជនឲ្យបានរឹតតែល្អប្រសើរថែមទៀត ។

 

ឯកឧត្តមអភិបាលខេត្តបានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និង សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមបន្តខិតខំយកចិត្តទុកដាក់ ពង្រឹង ការអនុវត្ត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមកឲ្យបានកាន់ផុលផុស និងមានប្រសិទ្ធភាព ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ របស់អតីតយុទ្ធជន ធ្វើយ៉ាងណាជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែ ល្អប្រសើរឡើងថែមទៀត ។  ទន្ទឹមនោះ  ត្រូវបន្តបង្កើនសកម្មភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជនរបស់យើង ជាពិសេសនៅពេលមានតម្រូវការ និងបញ្ហាដែលត្រូវជួយដោះស្រាយ ព្រមទាំងត្រូវយកចិត្តទុកដាក់ចាត់ចែងឆ្លើយតបដោះស្រាយឲ្យបានទាន់ ពេលវេលា ។

• សូមឲ្យសមាគមអតីតយុទ្ធជនខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ ព្រមទាំងអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះជួប និងក្ដាប់បញ្ហាតម្រូវការនានារបស់បងប្អូនគ្រួសារអតីតយុទ្ធជន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូន ឲ្យ បានល្អប្រសើរ តួយ៉ាងនៅក្នុងការប្រើប្រាស់ប័ណ្ណ បសស ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅ តាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងនៅក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់បងប្អូនគ្រួសារអតីតយុទ្ធជន ។

• សូមឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយសមាគម បន្តចាត់ចែងរៀបចំការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារ បន្ថែមទៀត ជាពិសេសដូសទី៥ និងអ្នកដែលមិនទាន់បាន ចាក់កន្លងមក ។

• ជាមួយនេះ ក៏សូមលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមគាំទ្រ និងសហការ ដើម្បីឲ្យសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អនុវត្តការងារ របស់ ខ្លួនឲ្យ បាន កាន់តែល្អប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់ តួនាទី របស់អតីតយុទ្ធជន ឲ្យស័ក្តិសម នឹងគុណបំណាច់របស់អតីតយុទ្ធជន ចំពោះបុព្វហេតុ ប្រទេសជាតិ ៕ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​។

 

ចំនួនអ្នកចូលទស្សនា
Flag Counter