មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបការងារវិស័យជលផលឆ្នាំ២០២២ និងលើកទិសដៅ២០២៣
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០២៣
60

នាព្រឹកថ្ងៃអង្គារ ២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣

មន្ទីរកសិកម្មរុក្ខាប្រមាញ់  និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបការងារវិស័យជលផលឆ្នាំ២០២២ និងលើកទិសដៅ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំរាជធានី ខេត្ត ។

         ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារជលផលឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ល្អប្រសើរដែលថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ តាមតួនាទីភារកិច្ច ទិសដៅការងារ និងផែនការសកម្មភាពដែលបានកំណត់ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល រាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍទាំងអស់ ដែលបានផ្តល់ការសហការ និងគាំទ្រចាំបាច់ដល់ការអនុវត្តន៍ការងាររបស់រដ្ឋបាលជលផលក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព។ 

 

ទន្ទឹមនឹងលទ្ធផលការងារដ៏ល្អប្រសើរដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផល គឺទីមួយត្រូវពង្រឹងការគ្រប់គ្រងនិងអភិរក្សធនធានជលផល ទីពីរត្រូវជំរុញវារីវប្បកម្ម ការកែច្នៃ និងការលើកទឹកចិត្តដល់វិស័យឯកជន និងទីបីគឺត្រូវពង្រឹងសហគមន៍នេសាទ និងការផ្លាស់ប្តូរមុខរបរប្រជានេសាទ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានបញ្ជាក់បន្ថែមអំពីការធានានូវសន្តិសុខស្បៀង និងឧត្តមភាពនៃផលិតផល ដែលទាមទារឱ្យមានការយកចិត្តទុកដាក់លើការងារ អនាម័យ ភូតគាមអនាម័យ SPS និងជួយគាំទ្រដល់វិស័យឯកជន ដើម្បីសម្របសម្រួលដល់ការនាំចេញ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានជំនាញចាំបាច់ត្រូវកសាងទំនុកចិត្តដល់ប្រជាជន។

ឯកឧត្តមបានណែនាំដល់មន្ដ្រីទាំងអស់ឱ្យធ្វើការប្រកបដោយវិចារណញាណ ដោយត្រូវដឹងថា យើងកំពុងធ្វើអ្វី ដើម្បីអ្វី ដើម្បីនរណា ហើយអ្វីទៅដែលជាគោលដៅរបស់យើង។

សូមជម្រាបជូនផងដែរថា តាមស្ថិតិវារីវប្បកម្មគឺការចិញ្ចឹមត្រីអនុវត្តបាន ៣៣០.៦០០តោន ស្មើនឹង ៩១,៨៣% ការភ្ញាស់ពូជកូនត្រីបាន ២៨៣.៥០០.០០០កូនស្មើនឹង៩៤,៥% ការចិញ្ចឹមក្រពើបាន៣៩១.៤១៤ក្បាលស្មើនឹង១៣០.៤៧% បង្កើតបណ្តុំវារីវប្បកម្មបាន៣៣១កន្លែងមានសមាជិក១០.៨០៦នាក់ និងបានផ្តល់វិញ្ញាបនបត្របញ្ជាក់ការអនុវត្តវារីវប្បកម្មល្អដល់កសិដ្ឋានបានចំនួន៨កន្លែង។ ចំពោះការនាំចេញផលនេសាទបានចំនួន ៨.០០០តោន ដែលមានចំណូលសរុបជាង ៣៧០លានរៀល។

 

ចំនួនអ្នកចូលទស្សនា
Flag Counter