មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣
ចេញ​ផ្សាយ ២១ មីនា ២០២៣
114

នាព្រឹកថ្ងៃអង្គារ ១៥ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ។

ក្នុងពិធីបើកសន្និបាតកសិកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកនិងលើកទឹកចិត្តដល់អង្គសន្និបាតប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាព ដើម្បីពិភាក្សាប្រមូលធាតុចូលក្នុងការរៀបចំគោលនយោបាយ និងផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម។ សន្និបាត គឺជាការចូលរួមសមូហភាពពីថ្នាក់ដឹកនាំ វិស័យឯកជន ដៃគូអភិវឌ្ឍ  សហគមន៍ កសិករ រួមគ្នាកំណត់ទិសដៅកសិកម្ម ដោយមិនគ្រាន់តែជាការបូកសរុបនោះទេ។ ហើយការបូកសរុបទៀតសោត គឺត្រូវចេញជាលទ្ធផលស្តាប់បាន យល់បាន និងចាំបាន ដោយឱ្យសាធារណជនដឹងពីសមិទ្ធផលក្រសួងសម្រេចបាន និងចូលរួមអបអរសាទរ។

សម្រាប់កិច្ចពិភាក្សា ឯកឧត្តម បានណែនាំ និងយកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួន ដោយក្នុងនោះត្រូវផ្តោតលើការអភិវឌ្ឍធនធានទាំងក្នុងនិងក្រៅក្រសួង ដើម្បីទទួលបានធនធានប្រកបដោយសក្តានុពលពិតប្រាកដ។ ជាមួយគ្នានេះដែរ ត្រូវជំរុញការស្រាវជ្រាវបច្ចេកទេស ដើម្បីអភិវឌ្ឍវិស័យកសិកម្មដោយត្រូវគិតពីការបន្ថយចំណាយ បង្កើនផលចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ច ដោយមិនប្រកួតប្រជែងបរិមាណតែគិតពីគុណភាពជាសំខាន់។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើសហគមន៍កសិកម្ម ដោយផ្តល់ការគាំទ្រទាំងបច្ចេកទេសនិងសេដ្ឋកិច្ច ក្នុងការចងក្រងសហគមន៍និងមានក្បាលម៉ាស៊ីនដឹកនាំឱ្យបានល្អក្នុងខ្សែច្រវាក់ផលិតកម្មតាំងពីអ្នកផលិតរហូតទីផ្សារ ដោយក្នុងនោះត្រូវធ្វើការកំណត់ទីផ្សារ និងមានផែនការផលិតច្បាស់លាស់តាមកិច្ចសន្យា។ ការងារនេះ ក៏នឹងជួយដល់កសិករដែលមិនទាន់មានទីផ្សារ គ្មានខ្សែបណ្តាញផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី គោលនយោបាយកសិកម្មនឹងជួយឱ្យវិស័យឯកជនដឹងពីអ្វីដែលត្រូវធ្វើ ត្រូវវិនិយោគ ហើយសម្រាប់មន្ត្រីដឹងពីផែនការដែលត្រូវអនុវត្តនិងគោលដៅត្រូវសម្រេច។ បន្ថែមពីលើនេះទៀត ត្រូវពិនិត្យលើការផ្តល់សេវាសាធារណៈដល់ក្រុមអ្នកផលិត ដោយបង្កលក្ខណៈងាយស្រួល និងគាំទ្រក្នុងការជំរុញការនាំចេញ ស្របតាមគោលនយោបាយ និងស្ថានភាពជាក់ស្តែង។ ចំណែកការកសាងផែនការសម្រាប់ឆ្នាំ២០២៤ នាពេលខាងមុខ ឯកឧត្តម បានណែនាំពីអាទិភាពសំខាន់របស់ក្រសួងគឺនៅតែបន្តផ្តោតលើសន្តិសុខស្បៀង ដោយរកបានចំណូល មានចំណេញ និងបន្តការផលិតសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក គឺមានលទ្ធភាពគ្រប់គ្រងក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល។ មួយវិញទៀត គឺនិរន្តរភាព គឺការពិនិត្យថែរក្សាធនធានដែលមានស្រាប់ ដូចជាធនធានដី ការប្រើប្រាស់នូវវិទ្យាសាស្ត្រដើម្បីបន្ថយចំណាយ បង្កើនតម្លៃបន្ថែម និងប្រសិទ្ធភាពសេដ្ឋកិច្ច៕

ចំនួនអ្នកចូលទស្សនា
Flag Counter