នាព្រឹកថ្ងៃព្រហស្បតិ៍២កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣
លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង។ក្រោមអធិបតីភាព ឯកឧត្តមជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ។
ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ និងថ្លែងអំណរគុណដល់មន្រ្ដីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសកម្ម ក្នុងការពុះពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញប្រឆាំងជំងឺកូវីដ១៩។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-បន្តថែរក្សសន្តិភាព បន្តថែរក្សាការពារនូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាតាមរយះការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
២-ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង នឹងម៉ឺងម៉ាត់បំផុត។
៣- ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់ នឹងផុលផុស។
៤- រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ។
៥.រដូវក្ដៅនាពេលខាងមុខ នឹងងាយនាំឲ្យកើតមានឡើងនូវករណី អគ្គិភ័យ ដូច្នេះ ខ្ញុំសូមឲ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការ ប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុ ទាំងឡាយដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ។
៦- ត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់អោយបានតឹងរឹងបំផុត ក្នុងការទប់ស្កាត់អោយបានទាន់ពេលវេលា រាល់សកម្មភាពរំលោភយកដីសាធារណៈ ការសាងសង់សំណង់ផ្សេងៗ រំលោភលើដីចំណីផ្លូវ និងការចាក់ដីចូល ព្រែក ទន្លេ បឹងបួរដែលជាទ្រព្យសម្បត្តិរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិឯកជន។