មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៣
ចេញ​ផ្សាយ ២៧ តុលា ២០២៣
109

នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧  ខែតុលា ឆ្នាំ២០២៣

លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំនន្ទីអគារ (ខ )សាលាខេត្ត  ។ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត តំណាងសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោក លោកស្រីមេធាវីប្រចាំរដ្ឋបាលខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ តំណាងស្នាក់ការស៊ើបការណ៍ប្រចាំខេត្តស្វាយរៀង នៃការិយាល័យទី២ បញ្ជាការដ្ឋានកងទ័ពជើងគោក  តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មន្ត្រីរាជការខិតខំចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌកន្លងទៅ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរស្រុក  ឃុំ មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ ដែលខិតខំយកចិត្តទុកដាក់អនុវត្ត និងសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអន្តរាគមន៍ចាត់វិធានការដោះស្រាយ ទប់ស្កាត់ និងឆ្លើយតបបានយ៉ាងទាន់ពេលវេលាចំពោះករណីឆ្លងជំងឺផ្ដាសាយបក្សីនៅភូមិម្រាក់ទាប ឃុំត្រស់ និងភូមិត្រោក ឃុំអំពិល ស្រុករមាសហែក នាពេលកន្លងមក មិនឲ្យមានការឆ្លងរីករាលដាលទៅតំបន់ ភូមិសាស្ត្រ និងប្រជាពលរដ្ឋផ្សេងទៀត រហូតដល់យើងសម្រេចបានលទ្ធផលជោគជ័យ និងបិទបញ្ចប់ករណីនេះ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ។

 

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។

២.ត្រូវបន្តតាមដានឃ្លាំមើល  និងទប់ស្កាត់ចំពោះជំងឺផ្តាសាយបក្សី  បើទោះបច្ចុប្បន្នយើងបានដោះស្រាយជោគជ័យក៏ដោយ  អាជ្ញាធរពាក់ព័ន្ធត្រូវបន្តផ្សព្វផ្សាយណែនាំវិធានការការពារដល់ប្រជាពលរដ្ឋ  ក្នុងករណីមានសត្វបក្សី  ឈឺ  ឬងាប់  ត្រូវចាត់វិធានការឆ្លើយតបអោយបានទាន់ពេលវេលា។

៣.មន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅ  ត្រូវធ្វើការជួសជុលនិងកែលម្អឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

៤.អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធត្រូវផ្សព្វផ្សាយដល់ម្ចាស់សណ្ឋាគារ  និងផ្ទះសំណាក់កុំឲ្យតម្លើងថ្លៃ ក្នុងឱកាសដែលសិស្សមកប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ ទន្ទឹមនោះត្រូវសហការជាមួយព្រះចៅអធិការវត្តដើម្បីសម្រួលដល់កន្លែងស្នាក់នៅហូបចុកសម្រាប់សិស្សដែលមិនមានលទ្ធភាពស្នាក់នៅផ្ទះសំណាក់ឬសណ្ឋាគារ។

៥.រដ្ឋបាលក្រុង-ស្រុកត្រូវជំរុញ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងទៅដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋស្តីពីការបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានទាន់ពេលវេលា។

៦.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ  ចែកចាយ ការប្រើប្រាស់គ្រឿងញៀន និងចាត់វិធានការចំពោះក្មេងទំនើងនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។

៧.សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងការរៀបចំស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅតាមដងផ្លូវ ។

៨.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។

ចំនួនអ្នកចូលទស្សនា
Flag Counter