នាព្រឹកនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីជួបសម្តែងការគួរសម ប្រតិភូក្រុមហ៊ុនថាញ់ថាញ់កុងប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងការវិនិយោគដំណាំអំពៅនៅខេត្តស្វាយរៀង។ ក្រោមអធិបតីភាពឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។
អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធានសាខាគយនិងរដ្ឋាករខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ តំណាង ក្រុមហ៊ុនដែលបានវិយោគការដាំដុះដំណាំអំពៅនៅលើទឹកដីខេត្តស្វាយរៀង នាពេលបច្ចុប្បន្ននេះដែលបានបង្កើតការងារ និងប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តមបន្តថា ក្នុងនាមអភិបាលខេត្ត តែងតែបានកៀងគរក្រុមហ៊ុននានា ជាច្រើនរួចមកហើយមកបណ្ដាក់ទុនវិយោគ ដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត ក្នុងនោះរដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនយ៉ាងចិត្តទុកដាក់ផងដែរ។