នាព្រឹកថ្ងៃព្រហស្បត្តិ៏ ១១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២៤
លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកប៉ែន ផល្លី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញអមដំណើរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារសហគមន៍កសិកម្មទំនើប បានអញ្ជើញចុះពិនិត្យមើលសកម្មភាពការដាំដំណាំបន្លែធម្មជាតិរបស់កសិករ ឡឹក ប៊ុនធឿន រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
កសិកររូបនេះបាន ពង្រីកផ្ទៃដីដាំដំណាំបន្លែលើផ្ទៃដីពី៤០(អា) បច្ចុប្បន្នកើនឡើងរហូតដល់ ២ហិកតា ក្នុងរយៈពេល ៧ឆ្នាំ កន្លងមកនេះ ដោយមានដាំដំណាំរួមផ្សំក្នុងផ្ទះសំណាញ់ ក្នុងនោះមានស្ពៃ សាលាដ ត្រសក់ ខ្ទឹម សណ្តែកគួរ ននោង ម្រះ ។ល។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានកោតសសើរដល់ កសិករ ឡឹក ប៊ុនធឿន ដែលមានគំនិតក្នុងការដាំដុះនូវដំណាំបន្លែ និងកោតសសើរដល់មន្ទីរកសិកម្មរក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដែលបានជួយបង្រៀនបណ្ដុះបណ្ដាលនូវការដាំដុះ និងបានជួយនូវសម្ភារមួយចំនួន មានដូចជា ផ្ទះសំណាញ់ សម្ភារសំណាញ់ ព្រមទាំងផ្តល់នូវបច្ចេកទេសថ្មីៗ រហូតទទួលបានជោគជ័យ ក្នុងការដាំដុះដំណាំនៃផ្នែកកសិកម្មនេះ។
លោកឡឹក ប៊ុនធឿន ក៏បានសំណូមដល់អ្នកដែលមានធនធាន មេត្តាជួយវិនិយោគដល់ការសាងសង់ផ្ទះសំណាញ់ ព្រោះថា កសិករមានជំនាញ និងចំណេះតែខ្វះធនធាន ដែលទាមទារសូមកិច្ចសហការគ្នាទៅវិញទៅមក ដើម្បីសហគមន៍រីកចម្រើន និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យងាកមកជួយគាំទ្រ និងទិញបន្លែដែលជារបស់ខ្មែរយើងដាំ មានតម្លៃសមរម្យ មិនប្រើប្រាស់សារធាតុគីមី យកទៅបរិភោគ មិននាំឱ្យប៉ះពាល់ដល់សុខភាពឡើយ ៕