មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួម អបអរសាទរទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទ
ចេញ​ផ្សាយ ២៥ មិថុនា ២០២៤
39

ព្រឹកថ្ងៃអង្គារ៍៤ រោច ខែជេស្ឋឆ្នាំរោងឆស័កពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤

លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួម  

អបអរសាទរទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍ គ្មានគ្រឿងញៀន។ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត​ស្វាយរៀង ​ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ និងលោកជំទាវឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា​ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ បានដាក់ចេញនូវគោលដៅ​មួយចំនួនក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តស្វាយរៀងដែលមានចំណុចសំខាន់ៗដូចខាងក្រោម៖

១.ត្រូវយកចិត្តទុកដាក់អនុវត្តនូវសារលិខិតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាខ្លឹមសារប្រធានបទនៅក្នុងឆ្នាំនេះ ឲ្យចេញជាសកម្មភាពពិត និង​លទ្ធផលជាក់ស្ដែងនៅក្នុងមូលដ្ឋាន តាមរយៈការលើកកម្ពស់សកម្មភាពផ្សព្វផ្សាយអប់រំឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត។

២.ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀត​​នូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀន ជាពិសេសការចាត់តាំងអនុវត្តគោលការណ៍ “សម្អាតផ្ទះយើង” និង “សម្អាតចកចេញពីផ្ទៃបឹង” ស្របតាមបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល ឲ្យបានម៉ឺងម៉ាត់ និងដាច់ខាតបំផុត ។

៣.កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើន ពង្រឹង និងយកចិត្តទុកដាក់ជំរុញ​ការអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ​ចំពោះគោលដៅ​ដែល​ងាយ ឬកើតមានបទល្មើសគ្រឿងញៀន ជាពិសេសនៅតាមកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបរាត្រី ខារ៉ាអូខេ និងតំបន់ដែលមានលក្ខណៈស្មុគស្មាញ។

៤.អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមកាន់តែ​សកម្មថែមទៀត ក្នុងការផ្ដល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងលួចលាក់​ផលិត កែច្នៃ និងចរាចរគ្រឿងញៀនក្នុងខេត្ត ។

៥.មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនការយកចិត្តទុកដាក់អប់រំ​ណែនាំ និងពង្រឹងការគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់​ខ្លួន​ឲ្យបានតឹងរ៉ឹងបំផុត ចៀសវាងកុំឲ្យពាក់ព័ន្ធក្នុងករណីបទល្មើសគ្រឿងញៀន និងជាមួយឧក្រិដ្ឋជនគ្រឿងញៀន ដោយត្រូវប្រកាន់ខ្ជាប់នូវស្មារតី “៣កុំ ១រាយការណ៍” គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍។

៦.កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅតំបន់ព្រំដែន ត្រូវពង្រឹងយន្តការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្ត ឲ្យបាន​តឹងរ៉ឹងបំផុត ទប់ស្កាត់ឲ្យបានការនាំចូលនូវសារធាតុគីមីផ្សំគ្រឿងញៀនគ្រប់ប្រភេទ ។

៧.ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឲ្យបាន​ច្បាស់លាស់នូវ​មុខ​សញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះ​អាសន្ន ប្រកបមុខរបរផ្សេងៗ​ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យ​បានទាន់ពេលវេលាពេលមានបទល្មើសកើតឡើង ។

៨.ត្រូវបន្តពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាព នៃយន្តការបន្សាបគ្រឿងញៀននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលមានស្រាប់​​នៅក្នុងខេត្តឲ្យមានដំណើរការល្អ និងកាន់តែមានប្រសិទ្ធភាព ធ្វើយ៉ាងណាឲ្យជនរងគ្រោះដោយសារសារធាតុញៀន ទទួលបានសេវាបន្សាបគ្រឿងញៀន និងស្ដារនីតិសម្បទាឡើងវិញ ។

៩.អាណាព្យាបាល មាតាបិតាសិស្ស​ទាំងអស់ សូម​​បង្កើនការពិនិត្យ និងតាមដានចំពោះការសិក្សារបស់កូនៗឲ្យបានទៀងទាត់ និងសហកា​រ​​ឲ្យបានជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់រៀននីមួយៗ ដើម្បីជាយន្តការមួយដាស់តឿន ក្រើនរំលឹកដល់កូនៗរបស់ខ្លួន ឲ្យពួកគេគេចផុតពីការប្រឈមមុខខ្លាំងដោយបញ្ហាគ្រឿងញៀន ។

ជាទីបញ្ចប់ឯកឧត្តមអភិបាលខេត្ត​និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ រួមទាំងគណៈអធិបបានអញ្ជើញបានធ្វើការពិនិត្យនិងដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅទីតាំងដែលរៀបចំជិតពិធីខាងលើ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter